រឿងប្តីប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក គឺព្រះសោតាបន្ន និងព្រះសកទាគាមីដែលមិនបានបួស ក៏នៅគ្រប់គ្រងផ្ទះដែរ ។ បើប្តីប្រពន្ធជាទូទៅ មានកល្យាណសីល និងកល្យាណធម៌ហើយ គ្រួសារនោះឯង ក៏រមែងមាននូវសេចក្តីសុខតាមលោកិយវិស័យ ។
ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើបមានការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នាដូចអណ្តាតនិងធ្មេញ ។ ប្តីប្រពន្ធដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វាអាស្រ័យហេតុ គឺស្នេហ៍ និង ស្នៀត ។